ERA Cambodia នឹងបង្កើនភ្នាក់ងារលក់ដល់៥ពាន់នាក់សម្រាប់ទីផ្សារខុនដូកម្ពុជា

ចំណុចសំខាន់៖

  • ខុនដូផ្គត់ផ្គង់នៅភ្នំពេញរំពឹងកើនដល់ជិត​៨ម៉ឺន យូនីតនៅឆ្នំា២០២៥

  • ពលរដ្ឋខ្មែរទិញខុនដូភាគច្រើនមានវ័យចន្លោះពី ២៥ ទៅ ៣៥ ឆ្នាំ​

  • ការរំពឹងងើបឡើងវិញនៃរំហូរវិនិយោគផ្ទាល់ពីបរទេស នឹងជួយបង្កើនតម្រូវការខុនដូនៅកម្ពុជា ​

  • ERA Cambodia កំពុងត្រៀមខ្លួនដើម្បីចាប់យកចំណែកទីផ្សារ ដោយបង្កើនភ្នាក់ងារលក់ពី ១ ៥០០នាក់ នាពេលបច្ចុប្បន្ន ដល់ទៅ៥០០០ នាក់នៅ៥ឆ្នាំខាងមុខ​ ​

«​អតិថិជនចាប់ផ្តើមយល់ដឹងកាន់តែច្រើនលើការប្រើប្រាស់ក្រុមហ៊ុនដែលផ្តល់សេវាកម្មស្តង់ដារ មានភ្នាក់ងាររាប់រយពាន់នាក់ មានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ដែលតែងតែផ្តល់ទំនុកចិត្តខ្ពស់សម្រាប់អតិថិជន ក៏ដូចជាម្ចាស់គម្រោង»

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ និងជួល ខុនដូ មានយីហោដើមពីសហរដ្ឋអាមេរិក នឹងបង្កើនភ្នាក់ងារលក់ដល់ប្រមាណ ៥០០០ នាក់នៅរយៈពេល៥ឆ្នាំខាងមុខ ដែលកើនពី ១ ៥០០ នាក់នាពេលបច្ចុប្បន្ន។ នេះបើតាមការលើកឡើងរបស់លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia។

បើតាមអ្នកជំនាញរូបនេះ  ការពង្រីកភ្នាក់ងារលក់គឺដើម្បីបង្កើនប្រសិទ្ធិភាពទីផ្សារ ដែលនឹងឆ្លើយតបកំណើនតម្រូវការទិញ-លក់ខុនដូនៅកម្ពុជានាពេលខាងមុខ។ ខណៈដែលបច្ចុប្បន្ន លោកបញ្ជាក់ថា ប្រតិបត្តិការទិញ-លក់ខុនដូតាមរយៈ ERA Cambodia បានបង្ហាញការកើនឡើងច្រើនរយៈពេលពាក់កណ្តាលឆ្នាំ ២០២២ ហើយការទិញ-លក់នេះ នឹងកើនបន្ថែមទៀតនៅចុងឆ្នាំនេះ ដោយសារការរំពឹងទុកនៃរំហូរវិនិយោគពីបរទេស និងកំណើនពលរដ្ឋវ័យក្មេងក្នុងស្រុកដែលមានជីវភាពធូរធារ។

ការថ្លែងបែបនេះរបស់លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានធ្វើឡើងក្នុងកម្មវិធីទទួលស្គាល់សមិទ្ធិផល និងអាជីពការងារ ឬហៅថា Career Advancement Day នៅឯភោជនីយដ្ឋានទន្លេបាសាក់ II។ ក្រុមហ៊ុនតែងរៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ ក្នុងការជំរុញលើកទឹកចិត្ត និងតម្រង់ទិសដៅក្រុមការងារ និងភ្នាក់ងារលក់ ដើម្បីបង្កើនស្មារតីនៃការខិតខំ និងបន្តផ្តល់សេវាកម្មប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។ ​​

លោកថ្លែងថា៖ «ទោះឋិតក្នុងស្ថានភាពដែលបង្កឡើងដោយបញ្ហាកូវីដ-១៩ ក៏ភ្នាក់ងារលក់របស់យើងនៅតែបន្តការខិតខំ និងបោះជំហានឥតឈប់ឈ ដើម្បីជួយសម្រួលការទិញ លក់ ដល់អតិថិជន។ ហើយទាំងនេះក៏ព្រោះតែអតិថិជនចាប់ផ្តើមយល់ដឹងកាន់តែច្រើនលើការប្រើប្រាស់ក្រុមហ៊ុនដែលផ្តល់សេវាកម្មស្តង់ដារ មានភ្នាក់ងាររាប់រយពាន់នាក់ មានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ដែលតែងតែផ្តល់ទំនុកចិត្តខ្ពស់សម្រាប់អតិថិជន ក៏ដូចជាម្ចាស់គម្រោង»។

ERA Real Estate ជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧២ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បច្ចប្បន្នក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមួយនេះមានភ្នាក់ងារអាជីពប្រមាណ ៤០ ០០០នាក់ ជាមួយការរិយាល័យប្រតិបត្តិការដល់ទៅ ២ ២០០ ការិយាល័យ នៅទូទាំង ៣៧ ប្រទេសលើពិភពលោក​។

ម៉ាកយីហោអចលនទ្រព្យ ERA Real Estate ត្រូវបាននាំចូលមកកម្ពុជា ហើយប្រតិបត្តិការក្រោមឈ្មោះ ERA Cambodia ចាប់តាំងពីឆ្នាំ២០១៨ ដែលដឹកនាំដោយលោក ខន គង្គា ជាអគ្គនាយក និងនាយកប្រតិបត្តិ។  ERA Cambodia ជាក្រុមហ៊ុន​មានឯកទេសទិញ លក់ និងជួល​ខុនដូ ដោយ​ផ្ដោតលើ​តំបន់​សំខាន់៣រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ បច្ចុប្បន្ន​ក្រុមហ៊ុន​មានភ្នាក់ងារប្រមាណ ​១ ៥០០នាក់ សម្រាប់​បម្រើសេវាកម្មទិញ លក់ និងជួលខុនដូនៅកម្ពុជា។

រយៈពេលជាង ៤ ឆ្នាំនៃវត្តមានក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុននេះទទួលបានការសហការដើម្បីលក់គម្រោងខុនដូធំៗជាង៣០គម្រោង ដែលទុនវិនិយោគនៃគម្រោងទាំងនេះបូកបញ្ចូលគ្នាមានតម្លៃខ្ទង់ពាន់លានដុល្លារអាមេរិក។

Previous
Previous

អគ្គនាយក ERA CAMBODIA លើកឡើងពីទីផ្សារខុនដូនៅភ្នំពេញ និងក្រុងព្រះសីហនុដូចម្តេចក្រោយការរៀបចំរដ្ឋាភិបាលថ្មី?