អ្នកជំនាញជាតិ អន្តរជាតិលើកឡើងពីស្ថានភាពខុនដូនៅឆ្នាំនេះ ដូចម្តេច?

  ប្រភព: Property Area Asia

    ភ្នំពេញៈ ស្ថានភាពទីផ្សារខុនដូនៅកម្ពុជា បាននិងកំពុងចាប់   ផ្តើមបង្ហាញសញ្ញាវីជ្ជមានបណ្តើរៗផងដែរ ស្របពេលស្ថានភាពសេដ្ឋកិច្ចត្រូវបានព្យាករណ៍ជាមួយកំណើន៦,៦ភាគរយ។

អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ស្ថានភាពនៃការទិញ លក់ខុនដូ មិនសូវមានការប្រែប្រួលខ្លាំងនៅឡើយទេ ប៉ុន្តែមានសកម្ម​ភាពទិញ លក់ គួរឲ្យកត់សំគាល់ បើធៀបនឹងឆ្នាំ២០២៣កន្លងមកនេះ។

លោកបន្តថា “យើងរំពឹងថា គំរោងចំនួន២ទៅ៣នឹងចាប់ផ្តើមសាងសង់នៅឆ្នាំនេះ ស្របពេលសញ្ញាវិជ្ជមាន បានចាប់ផ្តើមជាមួយរំហូរទុនវិនិយោគពីបរទេស”។

កាលពីចុងឆ្នាំមុន គំរោងខុនដូធំៗចំនួន២បានបើកការដ្ឋានសាងសង់ រួមមានគំរោងឧត្តម ស្ថិតនៅលើមហាវិថីព្រះនរោត្តម កំពស់៤៥ជាន់ ដែលគំរោងនេះបាននិងកំពុងសាងសង់ ជាមួយទម្រង់មជ្ឈមណ្ឌ​លពាណិជ្ជកម្មចម្រុះ និងគំរោងJ Tower3 ដែលវិនិយោគរួមគ្នាដោយវិនិយោគិនក្នុងស្រុក និងជប៉ុន។

J Tower3 មានកំពស់៧៧ជាន់ ជាខុនដូខ្ពស់ជាងគេនៅទីក្រុងភ្នំពេញ ពេលគំរោងនេះសាងសង់រួច។ គំរោងនេះស្ថិតនៅទីតាំងខាងក្រោយស្ថានីយ៍ប្រេងឥន្ឋនៈCaltex ក្នុងសង្កាត់បឹងកេងកង១ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកបណ្ឌិត Ben Li អគ្គនាយកក្រុមហ៊ុនUrban Hub ដែលកំពុងអភិវឌ្ឈន៍ខុនដូUrban Village ខ្ពស់ជាងគេលើផ្លូវ៦០ម៉ែត្រ និងThe Factory Phnom Penhបានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារខុនដូនៅកម្ពុជាមានសញ្ញាវិជ្ជមាន ពីការទិញរបស់ប្រជាជនក្នុងស្រុក និងជនបរទេស។ ជាក់ស្តែងគំរោងខុនដូUrban Village បានលក់អស់ជិត២០០០យូនីត ក្នុងអំឡុងវិបត្តិកូវីដកន្លងមកនេះ។

លោកបន្តថា “អ្នកវិនិយោគចិន ជប៉ុន ឥណ្ឌា និងមកពីតំបន់មជ្ឈឹមបូព៌ា ពួកគេបាននិងកំពុងមកកាន់កម្ពុជា ហើយជម្រើសរបស់ពួកគេ គឺទិញខុនដូ”។ លោកបន្តថា “ជាមួយគ្នានេះ អត្រាប្រជាជនវ័យក្មេងកម្ពុជា ដែលមានអាយុ៣០ឆ្នាំចុះ មានចំនួន៧០ភាគរយនៃប្រជាជនសរុប ពួកគេនឹង​បង្កើតគ្រួសារ ពួកគេត្រូវការកន្លែងស្នាក់នៅ ហើយខុនដូ នឹងជាជម្រើសនាពេលអនាគតសម្រាប់ពួកគេ”។

លោកបណ្ឌិតBen Liបានលើកឡើងនូវលក្ខខ័ណ្ឌនៃការររស់នៅខុនដូល្អៗជាច្រើន ដែលធ្វើឲ្យអ្នកស្នាក់នៅខុនដូរស់នៅ មានសុខសុវត្ថិភាព ផាសុខភាព និងភាពស៊ីវិល័យ៕

អត្ថបទដោយៈ ជេស៊ីកា

Next
Next

អគ្គនាយកERAអះអាងថា គំរោងខុនដូមួយចំនួននឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤